
អភិបាលរងខេត្តស្វាយរៀងបន្ត ចុះត្រួតពិនិត្យទីតាំងធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងនៅក្រុងបាវិត
ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះលោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យទីតាំងហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសង (ឡូតូអនឡាញ និងមាន់ជល់អនឡាញ)។ សមាសភាពចូលរួមមានលោក វណ្ណ សុមុន្នីអភិបាលរងក្រុង មន្ត្រីសាលា លោកអធិការរងក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផងដែរ ។
លោក សេង សិលា អភិបាលរងខេត្តបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានទីតាំងផ្តល់កន្លែងភ្នាល់លេងល្បែងសុីសងនោះលោក ម៉ែន វិបុល បាលខេត្តស្វាយរៀងបានចាត់ឱ្យលោក និងលោក ម៉ែន អេង ជាអភិបាលរងខេត្តស្វាយរៀងដឹកនាំសហការជាមួយរដ្ឋបាលក្រុងបាវិតសង្កាត់ច្រកម្ទេសបានចុះពិនិត្យទីតាំងខាងលើនោះ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា ក្រោយពីចុះទៅដល់ទីតាំងហាងកាហ្វេខាងនេះពិនិត្យឃើញថា ទីតាំងមួយនេះគ្មានសកម្មភាពបើកលេងល្បែងសុីសងនោះទេ ហើយទីតាំងនេះក៏ធ្លាប់ត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំជាមួយអាជ្ញាធរមូលដ្ឋានរួចហើយដែរ។
លោក សេង សិលា និងលោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេខាងលើកុំឲ្យមានការលួចលាក់ផ្តល់កន្លែងលេងល្បែងសុីសងគ្រប់ប្រភេទដែលផ្ទុយទៅនិងច្បាប់ទាំងអ្នកលេងទាំងអ្នកផ្តល់ទីតាំងផងដែរ។ ទន្ទឹនោះ លោកអភិបាលរងខេត្តបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំឲ្យនាំគ្នាចូលលេងល្បែងសុីសងនៅតាមបណ្តាលកាសុីណូនិងទីតាំងបើកលេងល្បែងសុីងគ្រប់ប្រភេទដែលវាខុសទៅនិងច្បាប់ហើយប្រឈមទៅនិងទោសទាន់ថែមទៀតផង៕