ចូ បៃដិន ថា សហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែនឡើយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ដែលអ៊ុយក្រែនកំពុងទទូចចង់បាន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនោះទេ ខណៈកងកម្លាំងរុស្ស៉ីបានអះអាងពីជ័យជម្នះនៅលើសមរភូមិភាគខាងកើតនៃប្រទេស ជាបន្តបន្ទាប់នារយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានព្រមានជាច្រើនសប្ដាហ៍មកហើយថាទីក្រុងមូស្គូអាចនឹងបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំថ្មី មួយនៅក្នុងខែកុម្ភៈ ឬនៅខែមីនាខាងមុខនេះ ហើយបានទទូចស្នើសុំឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗមកបន្ថែម ក៏ដូចជាឆាប់បញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងរ មកឱ្យទាហានរបស់លោកផងដែរ។

យោងតាម​សារព័ត៌មាន​ពី​សេត​វិមាន បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី Biden បាន​ឆ្លើយថា​ទេ នៅពេល​ត្រូវបាន​សួរ​ដោយ​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​ការបញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅកាន់​ទីក្រុង​គៀវ​។​

សូមជម្រាបថា កាលពី​សប្តាហ៍​មុន ទីក្រុង​វ៉ាស៊ីនតោន បានប្រកាស​ពី​ផែនការ​របស់ខ្លួន​ក្នុងការ​ផ្គត់ផ្គង់​នូវ​រថក្រោះ M1 Abrams ចំនួន ៣១ គ្រឿង ខណៈ​រដ្ឋាភិបាល​អាល្លឺម៉ង់ បញ្ជូន​រថក្រោះ Leopard 2 ចំនួន ១៤ គ្រឿង​ពី​ឃ្លាំង​ស្តុក​យោធា​របស់ខ្លួន​ដល់​ក្រុង​គៀវ និង​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេងទៀត​អាច​ផ្ដល់​សព្វាវុធ​បែបនេះ​បាន​៕