
លោកជំទាវ ឱ វណ្ណឌីន អរគុណចំពោះទឹកចិត្តស្រលាញ់របស់អាជីវករផ្សារខេត្តក្រចេះ
ខេត្តក្រចេះ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះអាជិវករផ្សារក្រចេះដែលបានស្រឡាញ់រាប់អាន និងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩។
លោកជំទាវ ឱ វណ្ណឌីន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោកជំទាវកាលពីថ្ងៃទី៣០ ខែមករាថា៖ «នំដុតមួយកូនថង់ និងខ្នុរមួយចំណែកថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្មួយស្រីដែលជាអាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្ដែងនូវមនោសញ្ចេតនារំភើបនិងសប្បាយរីករាយឥតឧបមាដែលបានជួបខ្ញុំនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣»។
ជាមួយនឹងការថ្លែងអំណរគុណលោកជំទាវក៏បានជំរុញដល់ពលរដ្ឋគ្រប់រូបអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ឱ្យបានគ្រប់គ្នាផងដែរ។
ជាមួយគ្នានេះ លោកជំទាវក៏បានជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ រកស៊ីមានបានចម្រុងចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដ៏ទៃទៀត ចៀសផុតពីការពុលចំណីអាហារពិសេសស្រាស ចៀសផុតពីគ្រោះថ្នាក់ចរាចរ និងកុំសេពគ្រឿងញៀន នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ
សូមជម្រាបថា នេះមិនមែនជាលើកទី១ទេដែលប្រជាជនបានបង្ហាញការស្រឡាញ់រាប់អានលោកជំទាវ ឱ វណ្ណឌីន ជាក់ស្ដែងកាលពីថ្ងៃទី២០ មករា ក្នុងពេលដែលលោកស្រីអញ្ជើញទៅពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោកជំទាវក៏ទទួលបានលិខិតមួយច្បាប់ដែលសរសេរដោយយុវតី សុខ សៀងហ្គិច ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យជីភូ បានសរសេរថា គេបានក្លាយជា Fan ឬអ្នកគាំទ្រម្នាក់របស់លោកជំទាវ ឱ វណ្ណឌីន តាំងពីឆ្នាំ២០២០ និងពិតជាសប្បាយរីករាយជាខ្លាំងដែលបានជួបលោកជំទាវ ឱ វណ្ណឌីន ជាលើកដំបូង៕