
រយៈពេល១៥ថ្ងៃ សាខាពន្ធដារខេត្តព្រះសីហនុបានផាកពិន័យយានយន្តគ្រប់ប្រភេទចំនួន៣២៩គ្រឿង ពិន័យជាប្រាក់២៥០លានរៀល
ខេត្តព្រះសីហនុ៖ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឲ្យដឹងថា រយៈពេល១៥ថ្ងៃ គឺថ្ងៃទី១៦ដល់ថ្ងៃទី៣០ ខែមករាឆ្នាំ ២០២៣នេះ ក្រុមការងារចម្រុះចុះត្រួតពិនិត្យការបង់ពន្ធ និងផាកពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលបាននឹងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈមិនទាន់បានបង់ពន្ធសម្រាប់ឆ្នាំ ២០២២ សាខាពន្ធដារខេត្តបានធ្វើការផាកពិន័យលើមធ្យោបាយយានយន្ត គ្រប់ប្រភេទ បានចំនួន៣២៩គ្រឿង ពិន័យជាប្រាក់បានចំនួន២៥០លានរៀល។
លោកប្រធានសាខាពន្ធដារខេត្តក៏បានបន្ថែមថា នេះគឺជាការចុះអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ ក្នុងពេលចុះអនុវត្តគ្រប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងឡាយណាដែលល្មើសក្នុងពេលត្រួតពិនិត្យការបង់ពន្ធ ស្នងការដ្ឋាននគរបាលខេត្ត (ការិយាល័យចរាចរណ៍ផ្លូវគោក) និងធ្វើកំណត់ហេតុនាំយកទៅរក្សាទុក និងតម្រូវឲ្យម្ចាស់រថយន្ត ល្មើសទាំងនោះ បំពេញកាតព្វកិច្ចសារពើពន្ធ រួចរាល់ ទើបអនុញ្ញាត ឱ្យ មធ្យោបាយនោះធ្វើចរាចរឡើងវិញបាន។ ហើយក្រុមការងារចម្រុះនឹងបន្តចុះត្រួតពិនិត្យការបង់ពន្ធ និងផាក ពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២នៅតាមគោលដៅក្រុង.ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកប្រធានសាខាពន្ធដារខេត្តក៏បានបញ្ជាក់ទៀតថា ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ កន្លងទៅសាខាពន្ធដារខេត្តព្រះសីហនុប្រមូលបានជាង ១០ពាន់ លានរៀល មានការកើនឡើងបើធៀបទៅនឹងឆ្នាំ ២០២១ ការប្រមូលពន្ធបានចំនួនជាង៩ពាន់លានរៀល៕ ដោយ៖ ទឹង សុភាព