ព្រះមហាក្សត្រ និងព្រះវររាជមាតាចូលរួមមរណទុក្ខចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនទៅដល់ក្រុមគ្រួសាររបស់ជំទាវស្រី ប៊ុន សុថា ទ្រង់ព្រះសម្តែងនូវសេចក្ដីសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។

ក្នុងព្រះរាជសារលិខិតផ្ញើឲ្យឯកឧត្តម តាន់ បញ្ញាវុធ ព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្ការថា៖ «មរណភាពនៃលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ភរិយា ម្តាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប ជាទីគោរពស្រឡាញ់នៃមហាជន និងបានចូលរួមយ៉ាងសកម្មបំផុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។ ខ្ញុំសូមសម្ដែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា និងសូមវិញ្ញាណក្ខន្ធ លោកជំទាវ អញ្ជើញទៅកាន់សុគតិភពកុំបីខាន»។

ជាមួយគ្នានេះព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្ដែងនូវការសោកស្តាយចំពោះក្រុមគ្រួសារសពផងដែរ។

គួរឱ្យដឹងផងដែរថា លោកជំទាវ ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦ និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕