
ជប៉ុនគ្រោងទិញមីស៊ីលគ្រូស Tomahawk ចំនួន៤០០គ្រាប់ ពីអាមេរិក
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ជប៉ុននឹងទិញមីស៊ីលគ្រូស ថូម៉ាហាក (Tomahawk) ចំនួន៤០០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលរបស់លោក កំពុងព្យាយាមពង្រឹងវិស័យការពារជាតិរបស់ប្រទេស។
ថ្លែងប្រាប់គណៈកម្មាធិការទទួលបន្ទុកកញ្ចប់ថវិកានៃសភាជាន់ទាប លោកនាយករដ្ឋមន្រ្តីជប៉ុន បាននិយាយដូច្នេះថា «ផែនការរបស់ប្រទេសយើងគឺទិញមីស៊ីលគ្រូស Tomahawk សរុបចំនួន៤០០គ្រាប់»។ លោក គីស៊ីដា មិនបានបកស្រាយលម្អិតអ្វីជាងនេះទៀតឡើយ ក្រោមហេតុផលថាវាគឺជារឿងរសើបពាក់ព័ន្ធនឹងវិស័យការពារជាតិ។
ក្នុងខែកុម្ភៈនេះ រដ្ឋមន្រ្តីការពារជាតិជប៉ុនបាននិយាយថា ទីក្រុងតូក្យូបានត្រៀមថវិកាចំនួន២១១.៣ពាន់លានយេន ស្មើនឹង១.៥ពាន់លានដុល្លារអាមេរិក ដើម្បីទិញមីស៊ីល Tomahawk ក្នុងចំនួនច្រើន នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ជាជាងបែកចែងការទិញទៅជាលក្ខណៈដំណាលកាល ក្នុងចន្លោះពេលច្រើនឆ្នាំ។
សូមជម្រាបថា រដ្ឋាភិបាលលោក គីស៊ីដា មានបំណងចង់ពង្រីកសមត្ថភាពវិស័យការពារជាតិជប៉ុន ឱ្យកាន់តែរឹងមាំក្នុងពេលឆាប់រហ័ស នៅចំពោះមុខការកើនឡើង នៃអំណាចយោធារបស់ចិន ក៏ដូចជាការរីកចម្រើននៃកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕