ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ TVET ដល់យុវជន

ខេត្តមណ្ឌលគិរី៖ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្សព្វផ្សាយជ្រើសរើសយុវជនលើកកម្ពស់ TVET ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ/ចៅសង្កាត់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ជាការឆ្លើយតបនឹងកាអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងខេត្ត ព្រមទាំងការអភិវឌ្ឍន៍ក្នុងវិស័យ TVET ខេត្ត ក្រុមការងារផ្សព្វផ្សាយជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បាននឹងកំពុងត្រៀមខ្លួនធ្វើដំណើរឆ្ពោះទៅមុខ បង្កើនគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ TVET ដល់មូលដ្ឋាន ពិសេស សិស្សានុសិស្សបោះបង់ការសិក្សាយុវជនអត់ការងារធ្វើ និងជនងាយរងគ្រោះ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក អភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវសហការជាមួយមជ្ឈមណ្ឌល ក្នុងការបញ្ជូនសិស្សមកទទួលការបណ្តុះបណ្តាលជំនាញនៅមជ្ឈមណ្ឌល ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញការបណ្តុះបណ្តាលយុវជន១.៥លានាក់ ដល់គ្រួសារក្រីក្រ។

ជាមួយគ្នានេះ លោក អភិបាលរងខេត្ត ក៏បានជំរុញដល់ក្រុមការងារផ្សព្វផ្សាយជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ត្រូវបន្តលើកទឹកចិត្ត សម្រាប់ការបណ្តុះបណ្តាលកម្លាំងពលកម្មប្រកបដោយជំនាញ និង គុណវុឌ្ឍិគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពឆ្លើយតបតាមតម្រូវការរបស់ឧស្សាហកម្ម សហគ្រាស សិប្បកម្មកែច្នៃ រោងកែច្នៃ និងសហគ្រិន បច្ចុប្បន្ន និងទៅអនាគត។

លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមសហការណ៍ជាមួយមជ្ឈមណ្ឌលកន្លងមក និងស្នើដល់ឃុំ/សង្កាត់ ត្រូវបញ្ជូនយុវជននៅមូលដ្ឋានរបស់ខ្លួនយ៉ាងតិច២០នាក់មកទទួលការបណ្តុះបណ្តាលជំនាញនៅមជ្ឈមណ្ឌលតាមកម្រិតដែលមជ្ឈមណ្ឌលមាន ដើម្បីរួមគ្នាក្នុងការកាត់បន្ថយភាពក្រីក្រ ពិសេសតាម យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញការបណ្តុះបណ្តាលយុវជន១.៥លានាក់ ដល់គ្រួសារក្រីក្រ៕ ដោយ៖ ផល្លិត ហៅបូរ៉ា