ការកសាងស្ថាប័ន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព គឺជាសសរស្តម្ភនៃក្រសួងបរិស្ថាន

ខេត្តស្ទឹងត្រែង៖ ការកសាងស្ថាប័ន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព គឺជាសសរស្តម្ភនៃក្រសួងបរិស្ថាន ។ នេះជាប្រសាសន៍លើកឡើង របស់លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងវគ្គបណ្តុះបណ្តាល ស្ដីពីវិធានការការពារ បង្ការទប់ស្កាត់លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងការថែទាំ ដល់ក្រុមមន្ត្រីឧទ្យានុរក្ស និងសហគមន៍ការពាធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នាពីព្រឹកថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ។

លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីកនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផែការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ២០២៥ខាងមុខ ។

លោកជំទាវបន្ថែមថា នេះជាផែនការយុទ្ធសាស្ត្រជាតិ ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវតែចូលរួមក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់គ្នា ព្រោះជំងឺគ្រុនចាញ់នេះ ជាជំងឺដែលបានកើតឡើងនៅទូទាំងពិភពលោក និងមានលក្ខណៈធ្ងន់ធ្ងរផងដែរ ដែលក្នុងមួយឆ្នាំៗមានមនុស្សរហូតដល់៣០០លាននាក់និងមានអ្នកស្លាប់១លាននាក់ផងដែដោយសារជំងឺនេះ ។ ដោយឡែកក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត្រានៃការឆ្លងជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា មានការថយចុះច្រើន ប៉ុន្តែមិនទាន់ដល់កម្រិតសូន្យនៅឡើយទេ ដូចនេះយើងខិតខំប្រឹងប្រែងក្នុងការចូលរួមផ្សព្វផ្សាយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងឆ្នាំ២០២៥ឲ្យបាន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សហគមន៍ មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ ឲ្យអនុវត្តនូវវិធាន ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈសម្រាកនៅក្នុងមុង ត្រូវតែស្អាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងពេលបំពេញការងារ ជាពិសេស គឺចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល ៕ ម៉ាវិន