សិប្បកម្មកែច្នៃឈើមួយកន្លែងនៅភូមិសំបូរ ស្រុកសំបូរ សង្ស័យគ្មានច្បាប់អនុញ្ញាត

ខេត្តក្រចេះ៖ ទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅចំណុចភូមិសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋអ្នកស្រុកលួចខ្សឹបប្រាប់អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily(www.ppd-news.net)ថា គ្មានលិខិតអនុញ្ញាត និងកំពុងដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលឃើញជំនាញ ឬសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបឡើយមិនដឹងថា មកពីមូលហេតុមិនដឹង ឬទទួលបានលាភសក្ការៈពីម្ចាស់អាជីវកម្មមួយនេះ។

ក្រោយមានការលួចខ្សឹបប្រាប់ពីប្រជាពលរដ្ឋអ្នកស្រុក ទើបនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ អ្នកសារព័ត៌មានមួយក្រុមបានចុះទៅដល់ទីតាំងខាងលើនេះ ហើយក៏ប្រទះឃើញមានរោងសិប្បកម្មកែច្នៃឈើ និងគំនរឈើជាច្រើន សុទ្ធសឹងជាប្រភេទឈើសុក្រំ រួមនិងឈើជាច្រើនប្រភេទទៀតផងដែរ។

បើតាមប្រភពពីប្រជាពលរដ្ឋអ្នកស្រុកបានអះអាងថា ម្ចាស់សិប្បកម្មខាងលើនេះមានឈ្មោះ ឃីម ហើយបុគ្គលរូបនេះតែងតែដើរអួតក្អេងក្អាងពីឥទ្ធិពលខ្លួនថា គ្មានជំនាញ និងសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបកន្លែងសិប្បកម្មរបស់ខ្លួននោះទេ ចង់កាសែតផ្សាយអីផ្សាយទៅ សំខាន់ឲ្យតែមានលុយ។ មិនដឹងថា តើសំដីក្អេងក្អាងរបស់ម្ចាស់សិប្បកម្មគ្មានច្បាប់ខាងលើនេះ មានទំនាក់ទំនងអ្វីជាមួយជំនាញ និងសមត្ថកិច្ចទាំងនោះឡើយ?

ពាក់ព័ន្ធការលើកឡើងពីប្រជាពលរដ្ឋអ្នកស្រុក អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily (www.ppd-news.net)មិនអាចស្វែងរកដើម្បីសុំការបំភ្លឺពីឈ្មោះ ឃីម ម្ចាស់សិប្បកម្មកែច្នៃឈើខាងលើនេះបានទេ ព្រោះមិនមានលេខទូរស័ព្ទ។

ទោះយ៉ាងណាមានការសំណូមពរដល់ ស្ថាប័នជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះ ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកវរសេនីយ៍ សាន្ត សុខវិជ្ជា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ មេត្តាចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើរបស់ឈ្មោះ ឃីម នៅចំណុចភូមិសំបូរ ជាប្រយោជន៍ទប់ស្កាត់ការធ្វើអាជីវកម្មគ្មានច្បាប់ផង និងការកាប់បំផ្លិចបំផ្លាញព្រៃឈើដោយអនាធិបតេយ្យផង៕ ដោយ៖ ផែង ផល្លិត (ហៅរ៉ា)