
WHO ព្រមានថា វីរុសបម្លែងថ្មី Omicron អាចនឹងបង្កហានិភ័យធ្ងន់ធ្ងរជាសកលម្ដងទៀត
ញូវយ៉ក ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទម្សិលមិញបានព្រមានថា វីរុសកូវីដ ១៩ បម្លែងខ្លួនប្រភេទថ្មី Omicron អាចនឹងទំនងជារីករាលដាលជាអន្តរជាតិម្ដងទៀត ដែលបង្កហានិភ័យធ្ងន់ធ្ងរជាសកលផងដែរ។
WHO បានបញ្ជាក់ថា វីរុសបម្លែងខ្លួន Omicron នេះមានបម្រែបម្រួលរូបរាងរបស់វាដោយបន្ថែមស្នែង និងសរសៃប្រូតេអ៊ីនក្នុងចំនួនដ៏ច្រើនដែលគេមិនធ្លាប់ឃើញពីមុនមក។ ហានិភ័យជាសកលដែលទាក់ទងនឹងវីរុសបម្លែងខ្លួន Omicron នេះត្រូវបានវាយតម្លៃក្នុងកម្រិតមួយដ៏ខ្ពស់។ ទន្ទឹមនោះ WHO ក៏បានជំរុញឲ្យបណ្ដាប្រទេសទាំងអស់ពន្លឿនការចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពខ្ពស់ និងត្រូវធានានូវការរឹតបន្តឹងរបស់ខ្លួនឲ្យតឹងរឹងនឹងមានភាពច្បាស់លាស់។
ការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់វីរុសបម្លែងខ្លួនថ្មី Omicron ថាតើវាមានសមត្ថភាពអាចគេចចេញពីប្រព័ន្ធភាពស៊ាំដែលបង្កឡើងដោយវ៉ាក់សាំង និងការឆ្លងពីមុនបានឬយ៉ាងណានោះ។ ការឆ្លងជំងឺកូវីដ ១៩ ត្រូវបានគេរំពឹងថានឹងកើតមានចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចផងដែរ។
អាកាសចរណ៍អន្តរជាតិទាំងតូចទាំងធំ នៅលើពិភពលោកបានចាត់វិធានការភ្លាមៗ កាលពីសប្តាហ៍មុន ដើម្បីតាមដានលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថា ជាអ្នករកឃើញវីរុសបំប្លែងថ្មី Omicron នេះមុនគេ។ ការចាត់វិធានការភ្លាមៗនេះ គឺត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយទប់ទល់ នៅក្នុងដំណាក់កាលបឋមដើម្បីកុំឲ្យវីរុសថ្មីននេះ រីករាលដាលទៅប្រទេសផ្សេងៗទៀត។
ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែកើនឡើង និងការចាត់វិធានការភ្លាមៗពីប្រទេសនានា ជាពិសេសគឺការបិទទ្វារលែងស្វាគមន៍ ប្រជាជនមកពីតំបន់អាហ្វ្រិកខាងត្បូងនោះ, WHO បានណែនាំសមាជិកទាំង១៩៤ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយ (បង្កឡើងដោយ Omicron) អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់នឹងដើមសប្តាហ៍នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារ COVID-19 មានជាប់ពាក់ព័ន្ធនឹងវីរុស Omicron នៅឡើយទេ។
WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើង។ WHO បានសង្កត់ធ្ងន់ជាងចុងក្រោយថា «ហានិភ័យជាសកលពាក់ព័ន្ធនឹង Omicron គឺពិតជាខ្ពស់ណាស់»៕