ប្រមុខការទូតកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំងនៅដើមខែក្រោយ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

បើតាមសេចក្តីប្រកាសបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមានវិស័យការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម៕