
ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤.៣០៦ករណីទៀត និងស្លាប់៣៧នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៤.៣០៦ករណី និងអ្នកស្លាប់ចំនួន៣៧ នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok post។
បើតាមក្រសួងសុខាភិបាលសាធារណៈថៃបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះបើប្រៀបធៀបកាលពីថ្ងៃចន្ទមានចំនួន ៤,៧៥៣ករណី នៅពេលដែលប្រទេសនេះបានកត់ត្រាការស្លាប់ចំនួន ២៧នាក់។ដោយឡែកនៅថ្ងៃច័ន្ទម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ៦,៤០៧ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសា នៅពេលដែលរលកទី៣នៃជំងឺកូវីដ១៩បានចាប់ផ្តើម ប្រទេសថៃមានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ២,០៨៧,០០៩ នាក់ ដែលក្នុងនោះ ១,៩៩២,០០២ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ២០,៦៧៧ នាក់ក្នុងអំឡុងពេលរលកទី៣ និង ២០,៧៧១នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕