វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៧៩៧ករណីទៀត និងស្លាប់៩៣នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣,៧៩៧ករណី និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៩៣នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៨ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន ១,១៣១នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៥៧,៦៣៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨៨,៩២៣នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,០៤៣នាក់៕