​ដឹង​កាលវិភាគ​នៃ​ការប្រកួត​របស់​ក្រុម U23 កម្ពុជា​នៅ​ជប៉ុន​

ភ្នំពេញ ៖ កាលវិភាគ​នៃ​ការប្រកួត​ក្នុង​ពានរង្វាន់ 2022 AFC U23 ASIAN CUP របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ​បានចេញ​ជា​ផ្លូវការ​ហើយ ដោយ​កម្ពុជា​ស្ថិតក្នុង​ពូ​ល K ជាមួយ​ម្ចាស់ផ្ទះ​ជប៉ុន និង​ហុងកុង​។​

សម្រាប់​ការប្រកួត​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ គឺ​នៅ​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ វេលា​ម៉ោង ១១៖០០ នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហុងកុង​អាយុ​ក្រោម ២៣ ឆ្នាំ នៅ​កីឡាដ្ឋាន J-VILLAGE ក្នុងប្រទេស​ជប៉ុន​។

ដោយឡែក​សម្រាប់​ការប្រកួត​ចុងក្រោយ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ គឺ​នៅ​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ វេលា​ម៉ោង ១១៖០០ នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ពោលគឺ ៣ ថ្ងៃ​បន្ទាប់ពី​ការប្រកួត​ទី ១ ដោយ​ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ក្រុម​ជម្រើសជាតិ​ជប៉ុន​អាយុ​ក្រោម ២៣ ឆ្នាំ នៅ​កីឡាដ្ឋាន J-VILLAGE ដដែល​។​

គួរ​បញ្ជាក់ថា ២ ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ នៅក្នុង​ពូ​ល K នេះ​គឺ​សុទ្ធសឹងតែ​ជាការ​ប្រកួត​ដែល​លំបាក ដោយ​ត្រូវ​ប៉ះ​ក្រុម​ដែល​មិនអាច​មើលរំលង​បាន ជាពិសេស​គឺ​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​តែម្ដង​៕