
អ្នកនាំពាក្យក្រសួងព័ត៌មានសម្តែងការខកចិត្តយ៉ាងខ្លាំង និងទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយជាបន្ទាន់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺមួយ ក្រោយសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន បែរជាផ្សាយព័ត៌មានខុសពីការពិត។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានទាមទារខេមបូចា ឲ្យកែតម្រូវអត្ថបទខ្លួនជាបន្ទាន់ ហើយក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។
សេចក្តីបំភ្លឺបានបញ្ជាក់ថា៖ «អ្នកនាំពាក្យក្រសួងព័ត៌មាន មានការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។ សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្ត តួនាទីភាកិច្ចរបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» គឺសារព័ត៌មាននេះ បានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន»៕