ព្រះមហាក្សត្រយាងមកដល់ខេត្តសៀមរាបដើម្បីយាងប្រទានព្រះអគ្គីជ័យកីឡា សម្រាប់ស៊ីហ្គេម

ខេត្តសៀមរាប៖ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងមកដល់ទឹកដីនៃខេត្តសៀមរាបហើយនៅព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០២៣នេះ ដើម្បីយាងក្នុងព្រះរាជពិធីព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រជារាស្រ្តមានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការយាងមកដល់ទឹកដីបវរ និងសំបូរទៅមរតកវប្បធម៌របស់ខ្មែរ។

ប្រជារាស្រ្តថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់រក្សា និងថ្វាយព្រះពរជ័យសិរីមង្គល វិបុលសុខដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់បងប្អូន កូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ៕