រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលនេះ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងមានជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២៕