សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍២កេីត  ខែចេត្រ   ឆ្នាំខាល  ចត្វាស័ក  ព.ស២៥៦៦  ត្រូវនឹងថ្ងៃទ២៣  ខែមីនា   ឆ្នាំ២០២៣ នេះ  ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២  និងលើកទិសដៅការងារឆ្នាំ២០២៣  របស់រដ្ឋបាលខេត្តស្វាយរៀង។

ឯកឧត្តម ជុំ ហាត  ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញប្រឆាំងជំងឺកូវីដ១៩។

ឯកឧត្តម ម៉ែន វិបុល  អភិបាលខេត្តដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១-បន្តថែរក្សសន្តិភាព  បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ  សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ  និងរបៀបរៀបរយសង្គម  ការបង្ការទប់ស្កាត់  និងបង្ក្រាបបទល្មេីសនានាតាមរយះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

២-ត្រូវបន្តពង្រឹង  និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង  នឹងម៉ឺងម៉ាត់បំផុត។

៣-  ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់  នឹងផុលផុស។

៤- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។

៥.រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើងនូវករណី អគ្គិភ័យ ដូច្នេះ ខ្ញុំសូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។

៦-  ត្រូវមានវិធានការរដ្ឋបាល  និងវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត  ក្នុងការទប់ស្កាត់អោយបានទាន់ពេលវេលា  រាល់សកម្មភាពរំលោភយកដីសាធារណៈ  ការសាងសង់សំណង់ផ្សេងៗ  រំលោភលេីដីចំណីផ្លូវ  និងការចាក់ដីចូល  ព្រែក  ទន្លេ  បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វេីជាកម្មសិទ្ធិឯកជន។

ជាចុងបញ្ចប់នៃពិធីបេីកសន្និបាតនៅព្រឹកនេះ  ឯកឧត្តមអភិបាលខេត្តបានប្រគល់នូវប្រាក់រង្វាន់ជ័យលាភីភូ មិឃុំមានសុវត្ថិភាព  ដល់លោកអភិបាលក្រុងស្រុកទាំង៨  ដេីម្បីចែកជូនទៅដល់ប៉ុស្តិ៍រដ្ឋបាលឃុំ  សង្កាត់ ផងដែរ៕