មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ភាពជោគជ័យក្នុងការទប់ស្កាត់​ជំងឺរាតត្បាតផ្សេងៗ គឺផ្តើមចេញពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ខេត្តសៀមរាប៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការងារសុខាភិបាលជាការងារអន្តរវិស័យ ហើយភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ គឺផ្តើមចេញពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកជំទាវមានប្រសាសន៍បែបនេះក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តន៍ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោកជំទាវបន្តថា ជាក់ស្តែង ដូចជាការទប់ស្កាត់ នៃការរាតត្បាតមេរោគកូវីដ១៩កន្លងមកនេះ ពេលបិទខ្ទប់តំបន់ណាមួយ គឺមានការចូលរួមពី អ្នកពាក់ព័ន្ធទាំងអស់ ជាមួយគ្នានេះការចូលរួមទប់ព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន ពាក់ព័ន្ធកូវីដ១៩នេះ គឺជាចំណែកមួយដ៏សំខាន់។

លោកជំទាវបានបន្តទៀតថា យើងត្រូវចងចាំថា នៅពេលជំងឺកូវីដ១៩ រាតត្បាត ព័ត៌មានក្លែង ក្លាយ គឺបានឆ្លងលឿនជាងជំងឺទៅទៀត ប្រសិនជាយើងមិនមានការទប់ស្កាត់ទេនោះ វានឹងធ្វើ ឱ្យមានបញ្ហាទូទាំងប្រទេស។

លោកជំទាវរដ្ឋលេខាធិការបានបន្តថា បើទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពកូវីដ១៩ មានការធូរស្រាលក៏ពិតមែន ប៉ុន្តែយើងមិនមានការធ្វេសប្រហែសនោះទេ ពីព្រោះជំងឺរាត ត្បាតទាំងអស់ គឺមាននៅវិលវល់ជាមួយនឹងយើងរាល់ថ្ងៃ ដូចនេះមន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវ ទម្លាក់ដៃនោះទេ យើងត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការខិតខំទប់ស្កាត់បន្តទៀត។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍កោត សរសើរ ដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដែលនៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បាន អនុវត្ដន៍នូវតួនាទី ភារកិច្ច តាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយ សម្រចបានជោគជ័យជាបន្តបន្ទាប់ ពិសេសសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដូចជាការ ទទួលបានជោគជ័យក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្ត សៀមរាប ការកាត់បន្ថយអត្រាស្លាប់របស់ម្តាយ ទារក តាមរយៈការដាក់ពង្រាយ ឆ្មបដែល មានការបណ្តុះ បណ្តាលជំនាញត្រឹមត្រូវដល់មណ្ឌលសុខភាព។

លោកអភិបាលរង ក៏បានជំរុញឱ្យត្រួតពិនិត្យ និងវាយតម្លៃឱ្យបានស៊ីជម្រៅរាល់ សកម្មភាពការងារ ហើយក៏ត្រូវធ្វើការពិភាក្សា ការផ្តល់អនុសាន៍តាមរយៈអង្គសន្និបាតប្រកប ដោយចក្ខុវិស័យនេះ ដើម្បីជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សម្រាប់អនុវត្ដន៍បន្ដឱ្យទទួលបានជោគជ័យបន្តទៀតក្នុងឆ្នាំ២០២៣នេះ៕