Merlion Cup 2023៖ U22 កម្ពុជា ប៉ះសិង្ហបុរី ដណ្តើមចំណាត់ថ្នាក់លេខ៣

សឹង្ហបុរី៖ ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា ប៉ះក្រុម U22 សិង្ហបុរី ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ស្ថិតក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup 2023 ហើយក្រុមម៉ាឡេស៊ី ប៉ះហុងកុង ដណ្តើមជើងឯក ដែលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនាថ្ងៃទី២៦ ខែមីនាខាងមុខនេះ។

មុនឈានដ៏វគ្គប្រកួតដណ្តើមជើងឯក និងចំណាត់ថ្នាក់លេខ៣ គឺក្រុមជម្រើសជាតិ U22 កម្ពុជា បានលេងចាញ់ក្រុមម៉ាឡេស៊ី ៤-២ ហើយក្រុមហុងកុង យកឈ្នះក្រុមសិង្ហបុរី ១-០ ស្ថិតក្នុងប្រកួតដែលមាន ៤ក្រុមនេះ។

ការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Merlion Cup 2023 នៅប្រទេសសឹង្ហបុរី គឺមានការចូលរួម ៤ប្រទេស ដោយមានក្រុមម្ចាស់ផ្ទះសិង្ហបុរី, ក្រុម U22 កម្ពុជា, ម៉ាឡេស៊ី និងក្រុមហុងកុង ហើយការប្រកួតមិត្តភាពនេះ ក៏ស្ថិតក្នុងការបោះជំរុំហ្វឹកហាត់វាស់ស្ទង់សមត្ថភាពកីឡាករជម្រើសជាតិ U22 កម្ពុជា គឺស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ាការលោក Keisukie Honda និងលោក Ryu Hirose ក្នុងការត្រៀមប្រជែងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។

បញ្ជាក់ផងថា នេះជាការប្រកួតមិត្តភាព Merlion Cup 2023 ក៏ដូចជាការបោះជំរុំហ្វឹកហាត់ នៅសិង្ហបុរីនេះ, ខណៈបើមិនមានការប្រែប្រួលទៅតាមគោលការណ៍របស់សហព័ន្ធបាល់ទាត់កម្ពុជានោះទេ ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា ក៏គ្រោងនឹងត្រឡប់ទៅហ្វឹកហាត់នៅថៃម្ដងទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមេសា ពោលគឺមុនពិធីបើកកាបរ្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕