
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដចំនួន១០.៦៤៨ករណីទៀត និងស្លាប់៨២នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១០.៦៤៨ ករណី និងមានអ្នកស្លាប់ចំនួន៨២នាក់បន្ថែមទៀតក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំនួនឆ្លងខាងលើនេះ គឺមានចំនួន ១០.៥៧៣ លើប្រជាជនទូទៅ និង១១១ករណីជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះ នៅថ្ងៃសុក្រម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.៧៩៤ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧៤៣.៩៧៥ នាក់ដែលក្នុងនោះ ១.៦១៩.៨២៩ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.១១១ នាក់ក្នុងអំឡុងពេលរលកទី ៣ និង ១៨.២០៥ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕