
ប្រជាពលរដ្ឋជួលគ្រឿងចក្រឈូសឆាយរបងផ្ទះដោយខ្លួនឯង ជៀសវាងមានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការរៀបចំរបស់រដ្ឋបាលខេត្ត
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានជួបជុំគ្នានៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ខេត្តព្រះសីហនុបានសហការ និងឯកភាពជួលគ្រឿងចក្រមកឈូសឆាយរបងផ្ទះដោយខ្លួនឯង ជៀសវាងមានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការរៀបចំរបស់រដ្ឋបាលខេត្ត។
សូមជម្រាបថា កន្លងមកប្រជាពលរដ្ឋជាច្រើនគ្រួសារបានសាងសង់របងផ្ទះនៅលើដីកម្មសិទ្ធិរបស់ឯកជន ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលមានវត្តមាននៅទីតាំងនេះ ធ្វើឡើងបែបនេះ ដើម្បីជួយសម្រួល និងពន្លឿនដល់ការរៀបចំរបស់រដ្ឋបាលខេត្តដែលត្រៀមរៀបចំនូវទីតាំងដីថ្មីសម្រាប់ពួកគាត់ដែលមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ក្រោយពីមានការសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុនាពេលកន្លងមក។
លោក សុភ័ក្រ ដែលជាប្រជាពលរដ្ឋរស់នៅទីតាំងដីខាងលើនោះ បានលើកឡើងនិងបញ្ជាក់ជូនថា នាពេលថ្មីៗមកនេះ មានបុគ្គលមួយរូប ឈ្មោះ ដេវិដ ឆាណាយវ៉ា បានយកឈ្មោះពួកគាត់ទៅប្រើប្រាស់នៅលើបណ្តាញសង្គមបែបនេះថា ពលរដ្ឋប្រមាណជាង២០០គ្រួសារ បានទៅពឹងពាក់គាត់ឲ្យជួយដោះស្រាយបញ្ហាដីធ្លីនៅទីតាំងនេះ តែការពិតជាក់ស្តែងពួកគាត់មិនបានទៅពឹងពាក់ ឬអោយជួយអន្តរាគមន៍អ្វីនោះទេ។
សូមបញ្ជាក់ផងដែរថា កន្លងមកលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារបានជួបសំណេះសំណាលជាមួយគ្រួសារប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយដីឡូត៍ទំហំ ៥ម៉ែត្រគុណ២០ម៉ែត្រ ក្រោមសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងការសាទរ និងថ្លែងអំណរគុណដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងាររដ្ឋបាលខេត្តដែលបានសម្របសម្រួលឲ្យមានទីតាំងដីស្របច្បាប់ជូនពួកគាត់៕ ដោយ៖ ទឹង សុភាព