
បណ្ឌិត ហ៊ុន ម៉ាណែត៖ ការដឹកនាំរបស់សម្តេចតេជោបានជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសលោកចូលរួមក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមនិយាយថា កម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងពិភពលោក គឺតាមរយៈការដឹកនាំរបស់នាយរដ្ឋមន្ត្រីកម្ពុជាក្នុងការគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។
ឯកឧត្តមបណ្ឌិតបន្តថា រដ្ឋាភិបាលបានប្រែក្លាយដំណាក់កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញទេសចរណ៍ក្រោយកម្ពុជាបើកប្រទេសពេញលេញវិញ។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និងភាពទាក់ទាញជាងមុន។
ឯកឧត្តមបន្តទៀតថា ខណៈសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចអន្តរជាតិចំនួន ២,២៨លាននាក់ ដែលជាកំណើនដល់ជាង ១០ដង បើធៀបទៅនឹងឆ្នាំ២០២១។
ឯកឧត្តមថ្លែងថា៖ «កំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់ផងដែរ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ»។
ឯកឧត្តមបន្ថែមទៀតថា និន្នាការនេះក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣.
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូលប្រកបដោយសក្តានុពលមួយក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនងនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, វិនិយោគ, ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក៕