
គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្ដីព្រាងច្បាប់ផ្ដល់សិទ្ធិឱ្យក្រសួងសេដ្ឋកិច្ចត្រួតពិនិត្យលើលទ្ធកម្មសាធារណៈ
ភ្នំពេញ៖ «សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ» បានសម្រេចអនុម័តទាំងស្រុង បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថាច្បាប់នេះមានគោលបំណងធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការដអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។
លទ្ធកម្មសាធារណៈ គឺជាដំណើរការទិញទំនិញ ជួលសេវាកម្ម និងគម្រោងសាងសង់សាធារណៈដែលមានតម្លៃសមរម្យបំផុត ប្រកបដោយគុណភាព និងបរិមាណ ទាន់ពេលវេលា មានធនធានគ្រប់គ្រាន់។
លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកតាមមាត្រា ៥០នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា «ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ»៕