រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវិស័យថាមពលចំនួន៥បន្ថែមទៀត

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោង វិនិយោគវិស័យថាមពលចំនួន៥ ស្ថិតក្នុងខេត្តកោះកុង កំពង់ឆ្នាំង ស្វាយរៀង ពោធិ៍សាត់ និងខេត្តព្រៃវែង។

ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ឱ្យនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា រាជរដ្ឋាភិបាលបានអនុម័តលើគម្រោងវិនិយោគវិនិយោគវិស័យថាមពលចំនួន៥ គឺគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង គឺនៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង។

បើតាមឯកឧត្តម ផៃ ស៊ីផាន គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតនេះ ក្នុងនោះគម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា។

ចំណែកគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យនៅប៉ុន្មានខេត្តខាងលើ នៅខេត្តពោធិ៍សាត់ គឺទំហំ ១៥០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ និងនៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ថា តាមរយៈគម្រោងទាំង៥នេះ នឹងធានាបានអគ្គិសនីពីប្រភពថាមពលស្អាតបានគ្រប់គ្រាន់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយដែលថេររយៈពេល ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណជាង ៣០០លានដុល្លារអាមេរិកតាមរយ:អាជីវកម្មនៃគម្រោងទាំង៥ ខាងលើនេះ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕