
កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឆ្នាំ២០២២ និងទិសដៅការងារបន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីនាយ នាយរង ការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ សរុបចំនួន ៦៣០នាក់ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក ក៏ដូចជាការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងជួញដូរមនុស្ស ទប់ស្កាត់បទល្មើសគ្រឿងញៀន ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជួយអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសការពារយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងមក ប្រកបដោយភាពជោគជ័យ។
ឯកឧត្តមស្នងការណែនាំដល់លោក លោកស្រីស្នងការរង ដែលមានភារកិច្ចចុះជួយតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ លោក លោកស្រីស្នងការរងទទួលផែនការជំនាញ លោកអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រជុំពិភាក្សាគ្នាជាប្រចាំ ដេីម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មេីស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មេីស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនេីង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត។
ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ដល់លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវ ឲ្យយកចិត្តទុកដាក់ខ្ពស់លេីការណែនាំអប់រំដល់មន្ត្រីអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ជាមួយនោះដែរលោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសគ្រឿងញៀន ឲ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រេីប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ ជាពិសេសណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ហាមពាក់ព័ន្ធក្នុងការប្រេីប្រាស់សារធាតុញៀន បេីមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ដេីម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
ឯកឧត្តមស្នងការបន្តថា កម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខ៕