
អង្គភាព “ភ្នំពេញដេលី” ចេញសេចក្តីប្រកាសព័ត៌មាន និងអំពាវនាវដល់ក្រសួងព័ត៌មាន ជួយពិនិត្យ និងចាត់វិធានការ ចំពោះអ្នកដែលប្រើប្រាស់ឈ្មោះ “ភ្នំពេញដេលី” Phnom Penh Daily ក្នុងការប្រកបអាជីវកម្មលើវិស័យព័ត៌មាន
ភ្នំពេញ៖ ដោយកត់សម្គាល់ឃើញថា កន្លងមកមហាជនមានការភ័ន្តច្រឡំស្ថាប័នសារព័ត៌មាន “ភ្នំពេញដេលី”Sapor Mean Phnom Penh Daily ទៅនឹងផេកហ្វេកប៊ុក (Page Facebook) ដែលមានឈ្មោះដូច ឬប្រហាក់ប្រហែល និងស្ថាប័នសារព័ត៌មាន “ភ្នំពេញដេលី” Sapor Mean Phnom Penh Daily ដែលកំពុងប្រកបអាជីវកម្មដោយវិជ្ជាជីវៈ និងប្រកាន់នូវក្រមសីលធម៌យ៉ាងខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ស្ថាប័នសារព័ត៌មាន “ភ្នំពេញដេលី” Sapor Mean Phnom Penh Daily ដើមឡើយជាកាសែតឈ្មោះ “ចលនានិស្សិត” តាមប្រកាសលេខ ១៦៨ ព.ម.ប្រក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៨ របស់ក្រសួងព័ត៌មាន។ បន្ទាប់មកក៏ត្រូវបានអនុញ្ញាតឲ្យប្តូរមកជាកាសែតឈ្មោះ “អប្សរា” តាមប្រកាសលេខ ៥៤៨ ព.ម.ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១ របស់ក្រសួងព័ត៌មាន។
ជាចុងក្រោយក៏ត្រូវបានអនុញ្ញាតឲ្យប្តូរមកជាកាសែតឈ្មោះ “ភ្នំពេញដេលី” តាមប្រកាសលេខ ៣០០ ព.ម.ប្រក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ របស់ក្រសួងព័ត៌មាន។ ដោយឡែក ចំពោះគេហទំព័រឈ្មោះ “ភ្នំពេញដេលី”(www.ppd-news.net)ត្រូវបានចុះបញ្ជីនៅក្រសួងព័ត៌មាន តាមប្រកាសលេខ ៥៦៧ ព.ម.ប្រក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងព័ត៌មាន។ទន្ទឹមនេះស្ថាប័នសារព័ត៌មាន “ភ្នំពេញដេលី” Sapor Mean Phnom Penh Daily ក៏ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម តាមលិខិតអនុញ្ញាតលេខ 5000071249 ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ និងត្រូវបានទទួលស្គាល់ជា”សហគ្រាសឯកជន”។
សារព័ត៌មាន”ភ្នំពេញដេលី” Sapor Mean Phnom Penh Daily មាននិមិត្តសញ្ញាដូចខាងក្រោម៖
– ឈ្មោះ “ភ្នំពេញដេលី” ត្រូវបានរចនាឡើងជាអក្សរជ្រុង មានជើង “ញ” រាងវែងស្មើនឹងពាក្យ “ពេញ”
– នៅផ្នែកខាងក្រោមនៃពាក្យ “ដេលី” ត្រូវបានបង្កប់ជាអក្សរអង់គ្លេសមានឈ្មោះថា ppd-news.net ដែលជាឈ្មោះរបស់គេហទំព័រ”ភ្នំពេញដេលី”
– នៅផ្នែកខាងក្រោមនៃឈ្មោះ “ភ្នំពេញដេលី” ត្រូវបានសរសេរជាអក្សរអង់គ្លេសឈ្មោះ “Phnom Penh Daily ”
ដូច្នេះរាល់ផេកហ្វេសប៊ុក (Page Facebook) ដែលមានឈ្មោះដូច ឬប្រហាក់ប្រហែល និងស្ថាប័នសារព័ត៌មាន”ភ្នំពេញដេលី” Sapor mean Phnom Penh Daily ប៉ុន្តែមានលក្ខណៈទម្រង់ផ្ទុយពីនិមិត្តសញ្ញាដូចបានរៀបរាប់ខាងលើ គឺមិនមែនជាស្ថាប័នសារព័ត៌មាន “ភ្នំពេញដេលី” Sapor Mean Phnom Penh Daily ឡើយ។
ស្ថាប័នសារព័ត៌មាន”ភ្នំពេញដេលី”Sapor Mean Phnom Penh Daily សូមធ្វើការអំពាវនាវទៅដល់ ក្រសួងព័ត៌មាន មេត្តាជួយពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលប្រើប្រាស់ឈ្មោះ”ភ្នំពេញដេលី”Phnom Penh Daily ក្នុងការប្រកបអាជីវកម្មលើវិស័យសារព័ត៌មាន បំពានលើសិទ្ធិរបស់ស្ថាប័នសារព័ត៌មាន”ភ្នំពេញដេលី”Sapor Mean Phnom Penh Daily ដែលបានចុះបញ្ជីតាមច្បាប់នៅ ក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម៕