
ក្រសួងរៀបចំដែនដីផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣នៅឃុំត្រពាំងក្រហមស្រុកកូនមុំ
ខេត្តរតនគីរី៖ នៅព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការ អភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣នៅឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរី និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក គម្រោងLASED III ក្រុមការងារ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបងប្អូនប្រជាពលរដ្ឋ ដែលជាមុខ សញ្ញាអ្នកទទួលដី សរុបប្រមាណចំនួន ៥៦១នាក់ស្រី២៨១នាក់។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តរតនគិរី បានលើកឡើងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ រៀបចំពិធីផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យ និងផ្សព្វផ្សាយជាសាធារណៈអំពីនីតិវិធីអនុវត្ត សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន ក្នុងគោលបំណងជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋ អាជ្ញ ធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធពីការប្រកាសតំបន់វិនិច្ឆ័យដើម្បីធ្វើអត្តសញ្ញាណកម្មដី ផែនទីចំណាត់ថ្នាក់ដីរដ្ឋ លម្អិត និងចុះបញ្ជីដីឯកជនរបស់រដ្ឋ។ ផ្សព្វផ្សាយអំពីនីតិវិធី និងព័ត៌មាននៃការអនុវត្តកម្មវិធីសម្បទានដី សង្គមកិច្ចថ្នាក់មូលដ្ឋានដល់សាធារណជន ពិសេសប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដីក្នុងឃុំគោលដៅ និង។ កំណត់កាលបរិច្ឆេទឱសានវាទនៃការចូលកាន់កាប់ និងប្រើប្រាស់ដីក្នុងទីតាំងដីសម្បទានសង្គមកិច្ច ក្នុងការអនុវត្តគម្រោង LASED III។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ខ័ណ្ឌ ចំណានអភិបាលរងខេត្តមានប្រសាសន៍ថា ទីតាំងអនុវត្តគម្រោងសម្បទានដីសង្គមកិច្ចមូល ដ្ឋានក្នុងស្រុកកូនមុំ មានចម្ងាយប្រមាណ ៦៣ គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី លើផ្ទៃដី ៣,៥០០ ហិកតា ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ចេញពីរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ការពារ ធម្មជាតិ និងធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ សម្រាប់អនុវត្តកម្មវិធី សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ។
ឯកឧត្តមបានបន្តថា ស្ថានភាពដីមានលក្ខណៈល្អអាចឲ្យប្រជាពលរដ្ឋរស់នៅ សាង សង់លំនៅឋាន និងប្រកបរបរកសិកម្មបាន គឺជាគោលដៅនៃការអនុវត្តគម្រោង ហើយក្រុមការងារ ថ្នាក់ជាតិ និងថ្នាក់ខេត្តបាននិងកំពុងខិតខំជំរុញការងារនេះ សំដៅធ្វើយ៉ាងណាឲ្យការរៀបចំ គម្រោងសម្បទានដីសង្គមកិច្ចនេះដំណើរការដោយរលូនស្របតាមជំហាន និងផែនការមេដែល គ្រោងទុក ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកមុខសញ្ញាទទួលដីបានឆាប់រហ័ស។
មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការ អភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា និងដែលមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ ជាសេនាធិការ បានកំណត់ជ្រើសរើសយកខេត្តរតនគិរី ជាខេត្តគោលដៅនៃការ អនុវត្តវត្តគម្រោង LASED III ។
ឯកឧត្តមបាន សំណូមពរក៏ដូចជាក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចូល កាន់កាប់ទន្ទ្រានក្នុងដីសម្បទានសង្គមកិច្ច បើមិនដូច្នេះទេ នឹងត្រូវទទួលរងនូវការអនុវត្តច្បាប់ និង សូមប្រគល់ភារៈកិច្ចក្នុងពេលនេះជូនក្រុមការងារដោះស្រាយទប់ស្កាត់ដីសម្បទានសង្គមកិច្ច ពិសេសរដ្ឋបាលស្រុកកូនមុំ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ទប់ស្កាត់បង្ក្រាបយ៉ាងម៉ឹងម៉ាត់ ក្នុងករណីនៅតែបំពានសូមអនុវត្តវិធានការច្បាប់ជាចាំបាច់៕