
គណៈប្រតិភូកីឡាទាំងអស់បង្ហាញការពេញចិត្ត និងស្ងើចសរសើរចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូកីឡាទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា មានការស្ងើចសរសើរ ចំពោះការរៀបចំរបស់ម្ចាស់កម្ពុជា ទាំងការរៀបចំទីតាំងប្រារព្ធពិធី កន្លែងស្នាក់ និងហូបចុក។ នេះបើតាមលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបន្ថែមថា អ្វីដែលពិសេសនោះ ការសម្រេចមិនយកប្រាក់លើប្រតិភូកីឡា និងកីឡាករ-កីឡាការិនី បានជះភាពល្បីរន្ទឺរបស់កម្ពុជា ដល់ពិភពលោក ពិសេសដល់ចលនាអូឡាំពិកអន្តរជាតិ។
ឯកឧត្តមបានបន្តថា «អ្នកដែលស្នាក់នៅភូមិកីឡារបស់យើងនេះ មានសិទ្ធហូបចុក ២៤ម៉ោង ហើយគណៈប្រតិភូទាំងអស់ ដែលបានចុះឈ្មោះត្រឹមត្រូវទៅតាមក្របខណ្ឌ និងពេលវេលារបស់យើង គឺយើងមិនយកលុយនោះទេ, មានន័យថា អ្នកចុះឈ្មោះក្នុងចំណោម ១២០០០នាក់ ដែលមានកីឡាករ ៩០០០នាក់ជាង ដោយឡែកអ្នកដែលស្នាក់នៅភូមិកីឡានេះ មិនក្រោម ៣៥០០នាក់ បូកជាមួយនឹងប្រធានប្រតិភូកីឡាដែលមិនគិតថ្លៃនោះទេនៅទីនេះ»។
ឯកឧត្តមបន្តទៀតថា ប្រតិភូ NOCC ប្រធានអូឡាំពិក អគ្គលេខាធិកាឡាំពិក និងប្រធានប្រតិភូកីឡាធំៗ ស្នាក់នៅសណ្ឋាគារ GARDEN CITY កំរិតផ្កាយ ៥ ពួកគាត់ទាំងអស់គ្នា មានការពេញចិត្តខ្លាំងណាស់។ ឯកឧត្តមថា មកដល់ពេលនេះមានប្រតិភូជានខ្ពស់នៃបណ្តាប្រទេសអាស៊ាន បានបញ្ជាក់ពីវត្តមានក្នុងឱកាសពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ដែលមានប្រធានាធិបតីឡាវ, អតីតនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតីប្រទេសទីម័រខាងកើត, ប្រធានសភាសិង្ហបុរី, ឧបនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។ សម្រាប់ខាងផ្នែកកីឡា មានអនុប្រធានទី១ នៃគណៈកម្មាការឡាំពិកអន្តរជាតិ និងអគ្គនាយកក្រុមប្រឹក្សាកីឡាអាស៉ីអាគ្នេយ៍។
ឯកឧត្តម ថោង ខុន បានបន្តទៀតថា «យើងគួរតែមើលការរៀបចំនៅតំបន់នេះ ដើម្បីឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់យើង ឲ្យមិត្តភក្តិយើងឃើញ កាលពីមុនយើងរៀបចំមិនទាន់ហើយគេមក គេថាតាមមើលរៀបទាន់មិនទាន់ ដល់ពេលឥឡូវគេឃើញការរៀបចំ យើងគេកោតសរសើយើងខ្លាំងមែនទែន កម្ពុជាខ្លាំងមែន រៀបចំទាន់ពេលវេលា ហើយតាមស្តង់ដាទៀត»៕