
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា យើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា «យើងមានភាគហ៊ុនមួយស្មើៗ គ្នាសម្រាប់អនាគតកម្ពុជា ហើយយើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងជាងនេះ»។
ក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍ Beyon The Game’s Day កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នាវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា នោះគឺសេចក្តីស្រលាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាពសាបេះដូងចំពោះសង្គមជាតិ»។
ឯកឧត្តមបានបន្តថា ក្រោមស្មារតី “ខ្មែរធ្វើបាន” យុទ្ធនាការ #BeyondThegames គឺជាសក្ខីភាពមួយ ដែលសបញ្ជាក់យ៉ាងច្បាស់ពីស្មារតីរួបរួម និងចូលរួមយ៉ាងក្លៀវក្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យក្នុងសង្គម ក្នុងការគាំទ្រប្រកបដោយមោទនភាព ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ហើយអ្វីដែលកាន់តែពិសេស មិនអាចកាត់ថ្លៃបាននោះ គឺការបង្ហាញការស្រលាញ់ និងគាំទ្រដល់គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា តាមរយៈស្មារតីរួមរបស់យើង ដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ជាអត្តពលិក ។
ជាមួយនេះ ឯកឧត្តមប្រធាន ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណគ្រប់ៗគ្នា ចំពោះការលះបង់នាំមកនូវភាពជោគជ័យ និងសមិទ្ធផលដែលកើតចេញពីភាសាបេះដូងសម្រាប់កម្ពុជា ដែលជាការចូលរួមទាំងអស់ និងពិតបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជារួបរួមគ្នាក្នុងបុព្វហេតុតែមួយ ដោយសារគ្រប់គ្នា សុទ្ធតែមានសេចក្តីស្រលាញ់ចំពោះប្រជាជាតិយើង និងចង់បង្ហាញភាសាបេះដូងដែលមានចំពោះជាតិមាតុភូមិរបស់ខ្លួន ៕