កុំ​ភ្លេច​យប់​នេះ​! កម្ពុជា ប៉ះ​ទី​ម័​រ ​វគ្គសន្សំពិន្ទុពូ​ល A នៃព្រឹត្តិការណ៍​ស៊ី​ហ្គេម​

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ នឹងត្រូវ​តតាំង​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត ក្នុង​ពូ​ល A នៃ​វ​គ្គស​ន្សុំ​ពិន្ទុ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ វេលា​ម៉ោង​៧៖០០​នាទី​យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិត​។​

យ៉ាងណាមិញ​មុន​ការប្រកួត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ លោក Ryu Hirose គ្រូ​បង្គោល​ក្រុម U22​កម្ពុជា បាន​មានប្រសាសន៍ ​ថា​៖ «​ជាបឋម​យើង​សូម​ស្វាគមន៍ និង​អរគុណ​សម្រាប់​ការចូលរួម ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដោយ​យើង​មាន​មោទនភាព ដែល​ទទួល​ស្វាគមន៍​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​»​។​

​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ បាន​បន្ថែមថា​៖ «​មិនមែន​តែ​ព្រឹត្តិការណ៍​នេះ​ទេ ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ក៏​ដូចគ្នា គឺ​ពិតជា​មានការ​ពិបាក សម្រាប់​ការប្រកួត​ដំបូង ដូច្នេះ​យើង​ត្រៀម​រៀបចំ សម្រាប់​ការប្រកួត​ថ្ងៃ នៅ​ថ្ងៃស្អែក​។ បើទោះបីជា​យើង​ជួប​ក្រុម​ប្រហាក់ប្រហែលគ្នា​ពី​ព្រឹត្តិការណ៍​មុនៗ​ក៏ដោយ តែ​ចំណុច​សំខាន់​របស់​ក្រុម គឺ​យើង​ត្រូវ​គ្រប់គ្រង​ស្ថានការណ៍​លេង​ឱ្យបាន​ល្អ​»​។​

ចំណែក បុរស​ជនជាតិ​កូរ៉េខាងត្បូង លោក Park Soon Tae ជា​គ្រូ U22 ទី​ម័​រ​ខាងកើត បាន​និយាយថា​៖ «​យើង​ពិតជា​រីករាយ ដែល​បានមក​ទីនេះ​។ យើង​ដឹងថា នេះ​ជា​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា យើង​នឹង​យក​ឱកាស ក៏ដូចជា​បទពិសោធន៍ សម្រាប់​ព្រឹត្តិការណ៍​នេះ​។ នៅ​ថ្ងៃស្អែក ជាការ​ប្រកួត​ទល់នឹង​ម្ចាស់ផ្ទះ ហើយ​យើង​ដឹងថា អ្នកគាំទ្រ​កម្ពុជា​មក​ពេញ​កីឡដ្ឋាន អ៊ីចឹង​យើង​នឹង​លេង​ដោយ​ភាព​រីករាយ ឱ្យ​អស់ពី​លទ្ធភាព ព្រោះ​យើង​បានរៀបចំ​ច្រើន​ខែ​មកហើយ​»៕