រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ និងផ្អាកចរាចរកំណាត់មហាវិថីឈ្នះឈ្នះ ដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេក្ដីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរកតតេជោ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីឲ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ៕