សារព័ត៌មានអាល្លឺម៉ង់៖ ក្រុមសម្ងាត់អ៊ុយក្រែន ប្រើដ្រូនអត្តឃាតប៉ុនប៉ងសម្លាប់លោក ពូទីន

បែរឡាំង៖ សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍អំពីកងកម្លាំងសម្ងាត់របស់អ៊ុយក្រែនដែលប្រើដ្រូន អត្តឃាតមួយក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំរុស្ស៊ី ប៉ុន្តែបេសកកម្មនោះមិនបានទទួលជោគជ័យឡើយ។

ការប៉ុនប៉ងសម្លាប់លោក វ្ល៉ាឌីមៀ ពូទីន នេះត្រូវបានកាសែតរាយការណ៍ថា បានធ្វើកាលពីថ្ងៃអាទិត្យទី២៣មេសាកន្លងមកនេះ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា អ៊ុយក្រែនបានព្យាយាមធ្វើឃាតមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើដ្រូនផ្ទុកគ្រឿងផ្ទុះ ប៉ុន្តែដ្រូននោះបានធ្លាក់ក្នុងចម្ងាយច្រើន គីឡូម៉ែត្រពីទីកន្លែង ឧស្សាហកម្មមួយក្បែរក្រុងម៉ូស្គូ ដែលនៅពេលនោះ លោក ពូទីន មានគម្រោងធ្វើដំណើរទស្សនកិច្ច។

កាសែតអាល្លឺម៉ង់បញ្ជាក់ថា ក្រុមភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែនបានព្យាយាមធ្វើឃាតលើរូបលោក ពូទីន ដោយការប្រើដ្រូនអត្តឃាត ប៉ុន្តែគំរោងនោះត្រូវបានបរាជ័យ បន្ទាប់ពីដ្រូនបានធ្លាក់នៅតែចម្ងាយជិត២០គីឡូម៉ែត្រពីចំណុចគោលដៅវាយប្រហារ។

យោងតាមកាសែតអាល្លឺម៉ង់ Bild, ដ្រូនអត្តឃាតរបស់កងកម្លាំងសម្ងាត់អ៊ុយក្រែនដែលបានប្រើប្រាស់ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ គឺជាដ្រូន UJ-22 ដែលផ្ទុកដោយសារធាតុផ្ទុះផ្លាស្ទិច C4 ទម្ងន់ ១៧គីឡូក្រាម និងជាប្រភេទគ្រឿងផ្ទុះដែលទាហានអាមេរិក ធ្លាប់ប្រើប្រាស់ថែមទៀត។ ដ្រូនដែលបានបញ្ជាឱ្យហោះពីទឹកដីអ៊ុយក្រែននោះ ត្រូវគេរាយការណ៍ថា គោលបំណងរបស់វា គឺត្រូវទៅបំផ្ទុះក្នុងគោលដៅតំបន់ឧស្សាហកម្មទើបសាងសង់ថ្មីឈ្មោះ សួនឧស្សាហកម្ម Rudnevo លើទឹកដីរុស្ស៊ី នៅជិតទីក្រុងមូស្គូ៕