ឯកឧត្តម ហ៊ុន ម៉ានី៖ សមាជិកបក្សប្រជាជនកម្ពុជា ត្រូវធ្វើឱ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជនពិតជានៅជាមួយប្រជាជន

ភ្នំពេញ៖ ឯកឧតកតម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈចលនាមហាជន បានលើកឡើងថា សកម្មជនគណបក្សទាំងអស់ត្រូវមានអាកប្បកិរិយាល្អ ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឱ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជនពិតជានៅជាមួយប្រជាជន។

ថ្លែងក្នុងឱកាសធ្វើបទបង្ហាញលើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា សកម្មជនគណបក្សទាំងអស់ ​ត្រូវអនុវត្តនយោបាយឲ្យជាក់លាក់ មាន​អាកប្បកិរិយា​ល្អ ​ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ ​បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឲ្យប្រជាជនមាន​ទំនុកចិត្តថា គណបក្សប្រជាជន ពិតជានៅជាមួយប្រជាជន។ ការកាន់អំណាច គឺដើម្បីប្រជាជន។

ឯកឧត្តមបានបញ្ជាក់ថា ការឈ្នះឆ្នោត គឺមិនមែនសំដៅលើ​តែត្រឹមថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នោះទេ តែត្រូវឈ្នះជារៀងរហូត ​និងគ្រប់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ថា បើបក្សមិនឈ្នះឆ្នោតទេ សមាជិក-សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសឱ្យបានកាន់តែរីកចម្រើនដែរ។

សូមជម្រាបថា រយៈពេលពេញមួយថ្ងៃនេះ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ក្នុងគោលដៅដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ព័ន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕