នាវាទេសចរណ៍ Westerdam នឹងមកកម្ពុជាម្ដងទៀតនៅចុងឆ្នាំនេះ

ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា នាវាទេសចរណ៍ Westerdam នឹងមកកម្ពុជាម្ដងទៀតនៅខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។

មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា ការសង្គ្រោះនាវាទេសចរណ៍ Westerdam គឺជាកាយវិកាសប្បុរសធម៌មួយរបស់កម្ពុជា ហើយនៅខែធ្នូ ឆ្នាំ២០២៣នេះ នាវានេះនឹងមកកម្ពុជាម្ដងទៀត ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុ បានធ្វើកិច្ចការដ៏សំខាន់មួយនោះ គឺការសង្គ្រោះនាវាទេសចរណ៍ Westerdam ដែលមានមនុស្សរាប់ពាន់នាក់ជាប់គាំងក្នុងដោយសារការភ័យខ្លាចជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធការចូលសុំចត។

សូមជម្រាបថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះ ចំនួន៥ បានបដិសេធ លើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line។ ក្នុងនោះ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពីCOVID-19។

មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាព មនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺ រលាកសួត ដែលបង្កឡើងដោយ COVID-19 ។

មនុស្សនៅលើនាវានោះ មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១៤៥៥ នាក់ មានជាង ៤០ សញ្ជាតិ និងបុគ្គលិកបម្រើការងារ តាម ផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរ ដែលច្រើនជាងគេ មាន អាម៉េរិក មាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩ នាក់ អាល្លឺម៉ង់ ៥៧នាក់៕