សម្តេចតេជោ ហ៊ុន សែន ផ្ដាំទៅបរទេសដែលគាំទ្រឲ្យកម្មករធ្វើបាតុកម្មនៅកម្ពុជាឲ្យដកខ្លួនចេញ

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដាំទៅបរទេសដែលគាំទ្រដល់ការធ្វើបាតុកម្មរបស់កម្មករនៅកម្ពុជាឱ្យដកខ្លួនចេញព្រោះថាកម្ពុជាមានច្បាប់និងដែនអធិបតេយ្យរបស់ខ្លួន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានដឹងទាំងអស់ពីការប្រតិការលុយរបស់ជនបរទេសក្នុងការគាំទ្រដល់កម្មករដែលធ្វើបាតុកម្មនៅកម្ពុជា និងផែនការរបស់បរទេសឱ្យកម្មករកម្ពុជាធ្វើបាតុកម្មនៅថ្ងៃទិវាពលកម្មអន្តរជាតិផងដែរ។

សម្ដេចថា៖ «សហជីពនៅកម្ពុជាមួយចំនួនគឺជាសហជីពដែលផ្ដល់លុយដោយបរទេស»។

សម្ដេចតេជោលើកឡើងថា អ្វីដែលសម្ដេចចង់បានពិតប្រាកដគឺមិនមែនគោរពសិទ្ធិកម្មករតែមួយថ្ងៃ១ ឧសភា នេះនោះទេគឺមានសម្រាប់កម្មករជារៀងរហូត៕