សម្តេចតេជោព្រមានដកតំណែងអគ្គនាយកទូរទស្សន៍ជាតិ បើមិនផ្សាយការប្រកួតស៊ីហ្គេម

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្ដីបន្ទោសដល់រដ្ឋមន្ត្រីព័ត៌មាន និងអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ជាតិឱ្យចាប់អារម្មណ៍ផ្សាយការប្រកួតស៊ីហ្គេមវិញបន្ទាប់ពីខកខានផ្សាយការប្រកួតកាលពីម្សិលមិញ។ សម្ដេចព្រមានដកអគ្គនាយកនៃស្ថានីយន៍ទូរទស្សន៍ជាតិចេញពីតំណែងផងដែរប្រសិនជាមិនអាចធ្វើរឿងនេះបាន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឱ្យស៊ីហ្គេមក្លាយជាបុណ្យជាតិដែលអបអរទូទាំងប្រទេស ដោយសម្រួលការលំបាកឱ្យប្រជាពលរដ្ឋដែលចង់មើលការប្រកួតតែបែរជាខកចិត្តវិញដោយសារទូរទស្សន៍ជាតិមិនបានផ្សាយទូលំទូលាយពីព្រឹត្តិការណ៍កីឡានេះ។

សម្ដេចថា៖ «ផ្សាយឱ្យវាសប្បាយទូទាំងប្រទេសមើល! […] បើខ្ញុំទៅវិញអត់មានធ្វើទេលោកអ្នកនឹងអស់តំណែងមុនម៉ោង ៩យប់ និយាយប្រាប់ឱ្យហើយ»។

ជាមួយគ្នានេះសម្ដេចតេជោបានស្នើដល់ស្ថានីយទូរទស្សន៍ឯកជនធ្វើការផ្សព្វផ្សាយពីការប្រកួតកីឡានេះឱ្យបានទូលំទូលាយផងដែរ៕