ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

ពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបានធ្វើចំនួន៤ លើករួចមកហើយ ។ ប៉ុន្តែ ត្រូវបានខកខាននៅឆ្នាំ ២០២០,២០២១ និង២០២២ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។

សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូ​កីឡា​កម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួក​គេ​ចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ​២០​២៣​នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេច​តេជោ ​​ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និង​អនុសាសន៍​ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងជាប្រធានគណៈ កម្មាធិការជាតិអូ ឡាំពិកកម្ពុជាបានឱ្យដឹងថាពិធីស្រស់ស្រូបអាហារសាមគ្គីនាពេលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡា មន្ត្រីកីឡាចំនួន ៩១៩,នាក់, ថា្នក់ដឹកនាំមន្ត្រីកីឡា ជនមានពិការ ភាពនិងពិការសតិបញ្ញាចំនួន ២២០នាក់,ថ្នាក់ដឹកនាំមន្ត្រីកីឡាកងយោធពលខេមរភូមិន្ទនិងនគរបាលជាតិចំនួន ៥០នាក់ ,ព្រឹទ្ធាចារ្យកីឡាចំនួន៧៥នាក់និងកីឡា ករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាល-ចៅក្រមចំនួន ៣,០០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែនអញ្ជើញពិសារអាហារសាមគ្គីជាមួយក្រុមគ្រួសារកីឡានាពេលនេះបង្ហាញឱ្យពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះវិស័យកីឡានៅកម្ពុជាក៏ដូចជាសុខទុក្ខថ្នាក់ដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា។ ជាពិសេសជំនួបអាហារសាមគ្គីនាពេលនេះក៏ជាឱកាសឱ្យថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ទទួលបាននូវអានុសាសន៍ថ្មីៗបន្ថែមទៀតដើម្បីត្រៀឆ្ពោះទៅការប្រកួតស៊ីហ្គេមឱ្យទទួលបានជោគជ័យ៕