លោកជំទាវ ពេជ ចន្ទមុន្នី ប្តេជ្ញាខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ

ខេត្តបាត់ដំបង៖ លោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្តេជ្ញាថានឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកជំទាវ ពេជ ចន្ទមុន្នី ថ្លែងបែបនេះក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ ដោយមានការចូលរួមពីសហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា សមាជិកសរុបប្រមាណជាង ៤០០នាក់នៅមជ្ឈមណ្ឌលសុភមង្គល ក្នុងខេត្តបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅ។

លោកជំទាវបានបង្ហាញ មោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិនិងពេញចិត្តនូវការចូលរួមដោយស័្មគ្រចិត្តនិងជឿជាក់ជាសមាជិកគ្រួសារថ្មី។

អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា នឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សាការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។

សូមជម្រាបថា នេះគឺជាលើកទី៦ ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជាប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីបន្ទាប់ពីលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតគាំទ្រជាអគ្គស្នងការសមាគម ខណៈសមាជិកទាំងអស់ដែលបានបញ្ចូលមានចំនួន ២ ០៧៤នាក់ រហូតមកដល់ថ្ងៃនេះ៕