សម្តេចតេជោ ហ៊ុន សែន៖ ការរៀបចំស៊ីហ្គេមរបស់កម្ពុជាមិនមែនដើម្បីលុយទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរៀបចំស៊ីហ្គេមរបស់កម្ពុជាមិនមែនដើម្បីលុយនោះទេ តែជាការបង្ហាញកម្ពុជាពិតទៅកាន់ពិភពលោក។

ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតប្រវត្តិសាស្ត្រមិនយកលុយ និងចែកសំបុត្រឥតគិតថ្លៃដល់ការទស្សនាស៊ីហ្គេមគឺសម្ដេចចង់បង្ហាញពីការពិតរបស់កម្ពុជាធ្វើយ៉ាងណាឱ្យគេបានស្គាល់កម្ពុជាកាន់តែច្រើន។

សម្ដេចថា៖ «ចង់បើកឱកាសសម្រាប់ប្រទេសនានាចូលមកស្គាល់កម្ពុជាថាវាយ៉ាងមិច? បង្ហាញពីកម្ពុជាពិតទៅដល់បរទេស។ […] សំខាន់បំផុតឱ្យគេស្គាល់កម្ពុជាដើម្បីបង្កើតនូវរូបភាពអនុគ្រោះមួយដល់កម្ពុជា»។

សម្ដេចតេជោបានថ្លែងថា ប្រទេសមួយចំនួនបានស្គាល់កម្ពុជាដោយអង្ករ មួយចំនួនទៀតបានស្គាល់ដោយផលិតផល និងប្រទេសមួយចំនួនទៀតបានស្គាល់កម្ពុជាដោយស៊ីហ្គេមនេះ ដែលជាមោទនភាពរបស់ប្រទេសកម្ពុជា៕