សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកមនុស្សសាស្ត្រ»
ភ្នំពេញ៖ នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងទៅតាមព័ត៌មាន បានឱ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែលសម្តេចតេជោទទួលបាននេះ ត្រូវបានផ្តល់ជូនដោយអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវគោរមងារកិត្តិយសនេះ គឺជាការទទួលស្គាល់ដើម្បីទទួលស្គាល់ការលះបង់ពេញមួយជីវិតរបស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។
អង្គការពុទ្ធសាសនិកពិភពលោក បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។
អង្គការពុទ្ធសាសនិកពិភពលោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃការគោរពប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា តាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីលើនោះ សម្តេចតេជោ បាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាពពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព៕