សម្តេចតេជោ ហ៊ុន សែន៖ ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍បែបនេះ ខណៈ​សម្ដេចអញ្ជើញ​ទទួល​គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក​និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដែលប្រារព្ធ​ធ្វើឡើង​នៅរមណីដ្ឋានវត្តភ្នំ នាព្រឹកថ្ងៃទី២ ខែឧសភានេះ។

សម្តេច បានគូសបញ្ជាក់ថា សម្ដេចមានមោទនភាពក្នុងការនិយាយថា​ព្រះពុទ្ធសាសនាគឺជា​មូលដ្ឋាន​សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិការកសាងជាតិឡើងវិញ ក្រោយ​ជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌និងការកសាងសន្តិភាពតំបន់និងពិភពលោក។

ផ្អែកលើមូលដ្ឋាននេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រអស់ពីចិត្ត ចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការព្រះពុទ្ធសាសនិកពិភពលោកក្នុងការលើកកម្ពស់ការផ្សាយអន្តរជំនឿ​បន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង៕