សម្តេចតេជោ ចែករំលែកទស្សនៈផ្ទាល់ខ្លួន ៤ចំណុច ក្រោយបានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ដោយសម្តែងនូវការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និង អរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ជាច្រើនផ្សេងទៀត។

ថ្លែងនៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» សម្តេចតេជោ បានលើកឡើងថា ឈរលើវឌ្ឍនភាពទាំងអស់នេះ សម្តេចសូមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖

ទី១. សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បី លើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។

ទី២. យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកបដោយ សន្តិសហវិជ្ជមាននៃមនុស្សជាតិ។

ទី៣. ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, សម្តេចសូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង។

ទី៤. ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមាន វត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន៕