ឯកឧត្ដម គង់ សោភ័ណ្ឌ ជំរុញដល់អភិបាលក្រុងសំពៅពូន និងអភិបាលស្រុកកោះធំដែលទើបតែងតាំងថ្មីត្រូវខិតខំបម្រើ ប្រជាពលរដ្ឋនៅមូលដ្ឋាន
ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាលបានជំរុញដល់គណៈអភិបាលក្រុង-ស្រុកទាំងពីរ ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល ថ្នាក់លើ និងធ្វើជាគំរូ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើការពារមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
មានប្រសាសន៍ក្នុងពិធីពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង គណៈអភិបាល នៃគណៈអភិបាលស្រុកកោះធំ និងគណៈអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល ស្ថិតក្នុងស្រុកកោះធំ នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អស់លោក លោកស្រី ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
ឯកឧត្តមអភិបាលបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋា ភិបាល ដើម្បីស្នើសុំតែងតាំង អស់លោក លោក ស្រី ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការ ដឹកនាំអោយក្រុង-ស្រុក មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត និងជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងក្រុង-ស្រុកទាំងពីរ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែ ទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍក្រុង-ស្រុក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕ដោយ៖ ទ្រី ហៀន