Honda បង្ហោះ​សារ​មួយបែប​នេះ ក្រោយ​កម្ពុជា ស្មើ​ជាមួយ​ហ្វីលីពីន

ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ បាន​បង្ហោះ​សារ​មួយបែប​នេះ ក្រោយ​កម្ពុជា ប្រកួត​ស្មើ​ជាមួយ​ហ្វីលីពីន ១-១ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ នៃ​ប្រកួត​ទី​២ សម្រាប់​ពូ​ល A កាលពី​យប់មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

យ៉ាងណាមិញ​ក្រោយ​ចប់​ការប្រកួត​លោក Keisuke Honda បាន​បង្ហោះ​សារ​លើ Facebook ផ្ទាល់ខ្លួនដូច្នេះ​ថា​៖ វា​ងាយស្រួល​ក្នុងការ​និយាយថា​យើង​អាច​ឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ​របស់ខ្ញុំ​ដែល​ទទួលបាន​១​ពិន្ទុ​នៅ​យប់​នេះ​។ យើង​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​យើង​ឆាប់ៗ​នេះ ហើយ​យើង​នឹង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បន្ទាប់​! សូម​អរគុណ​។​

​តាមរយៈ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​កម្ពុជា រកបាន​ត្រឹម ៤​ពិន្ទុ បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឆ្លងកាត់​២ ឈ្នះ​១ និង​ស្មើ​១​។ ចំណែក​ការប្រកួត​បន្ទាប់​របស់​កម្ពុជា ត្រូវ​ប៉ះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧ ខែឧសភា និង​ការប្រកួត​ចុងក្រោយ​ប៉ះ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១០ ៕