UN ប្រកាសអាសន្ន ស្តីពីការថយចុះសេរីភាពសារព័ត៌មានសកលលោក
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សេរីភាពសារព័ត៌មានកំពុងរងការវាយប្រហារនៅជុំវិញពិភពលោក ដោយថ្កោលទោសការកំណត់គោលដៅលើអ្នកសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ប្រមុខ UN មិនបានបញ្ចេញឈ្មោះអ្នកកាសែតដែលកំពុងជាប់ឃុំ ឬស្តីបន្ទោសដល់ប្រទេសណាមួយនោះទេ ប៉ុន្តែវាគ្មិនផ្សេងទៀតបានលើកឡើងពីករណីបុគ្គល ដូចជា អ្នកយកព័ត៌មាន Wall Street Journal លោក អ៉ីវ៉ាន ជឺសកូវ៉ិក (Evan Gershkovich) ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៉ីពីបទចារកម្ម។
ក្នុងសន្និសីទដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក ដើម្បីរំលឹកដល់ទិវាសេរីភាពសារព័ត៌មាន លោក ហ្គូតឺរ៉េស បានគូសបញ្ជាក់ថា «សេរីភាពទាំងអស់របស់យើង គឺអាស្រ័យលើសេរីភាពសារព័ត៌មាន។ វាជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងជាសសៃឈាមនៃសិទ្ធិមនុស្ស។ ប៉ុន្តែនៅគ្រប់ជ្រុងនៃ ពិភពលោក សេរីភាពសារព័ត៌មានកំពុងរងការវាយប្រហារ»។
បើតាមអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) មានអ្នកកាសែតចំនួន ៥៥នាក់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន៤នាក់ត្រូវបាន សម្លាប់អំឡុងពេលបំពេញភារកិច្ច នៅក្នុងឆ្នាំ២០២២៕