បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពបានប្រែក្លាយតំបន់ស្រុកលើកដែកពីសមរភូមិប្រយុទ្ធទៅជាតំបន់ដែលមានការអភិវឌ្ឍរីកចម្រើន
ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានយ៉ាងប្រទាក់ក្រទ្បា។
ឯកឧត្តមបញ្ជាក់ថា តាមរយៈគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតជាដើម។ល។ ក៏បានផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែកកាន់តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តមបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានថ្លែងឱ្យដឹងថា តាមរយៈការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ បានឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ក៏ដូចជានៅទូទាំងខេត្តកណ្តាលចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលបាននិងកំពុងរីកលូតលាស់បន្ថែមទៀតក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ក្រោមស្មារតីរួបរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លា និងសប្បុរសរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការគាំទ្របង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ គឺជាកិតិ្តយស និងជាមោទកភាពដ៏ធំធេងមួយសម្រាប់កម្ពុជាយើង ដែលធ្លាប់ជាប្រទេសញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច មកជាទឹកដីកោះសុខសន្តិភាព ស្ថិរភាព និងភាពសប្បាយរីករាយរួបរួមគ្នា ហើយបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភ័ក្តិអន្តរជាតិមកពីគ្រប់ទិសទី។ ទាំងនេះមិនមែនជាការចៃដន្យ ប៉ុន្តែជាការគិតគូរម៉ត់ចត់ ល្អិតល្អន់ និងគ្រប់ជ្រុយជ្រោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះដែរ បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមសម្តែងនូវការអបអរសាទរគោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានប្រគល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» នៃសាកលវិទ្យាល័យជាតិណេហ្គារីប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន ដោយបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕