ការបញ្ចាំងស្លាយ ផ្សាយបន្ដផ្ទាល់ នៃព្រឹត្ដិការណ៍ស៊ីហ្គេម បានរីករាលដាល រហូតទៅដល់តាមភូមិ-ឃុំ-ស្រុក

ខេត្តកណ្តាល ការបញ្ចាំងស្លាយ ផ្សាយបន្ដផ្ទាល់ នៃព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា បានរីករាលដាល រហូតទៅដល់តាមភូមិ-ឃុំ-ស្រុក។

ជាក់ស្ដែង នេះគឺជាការបញ្ចាំងស្លាយ ការផ្សាយបន្ដផ្ទាល់ នៅទីតាំងមួយកន្លែងស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វា ខេត្ដកណ្តាល។ ការបញ្ចាំងស្លាយនេះ គឺផ្សាយបន្ដផ្ទាល់ រាល់ការប្រកួតបាល់ទាត់ទាំងបុរស ស្ដ្រីកម្ពុជា។

នេះជាការបង្ហាញពីការគាំទ្រ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំពោះព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា ដែលមានរៀបចំបញ្ចាំងស្លាយ តាំងពីថ្នាក់រាជធានី រហូតដល់តាមភូមិ-ឃុំ-ស្រុក។

ការរៀបចំនេះ ឆ្លើយតបទៅការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលឲ្យអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេស រៀបចំការបញ្ចាំងស្លាយ ផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ស៊ីហ្គេម៕