ប្រធានរដ្ឋឡាវ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមករាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។

ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង៕