ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់ជាង ២ ៤០០លានដុល្លារ

ភ្នំពេញ៖ គិតក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន សម្រេចបានក្នុង​ទំហំទឹកប្រាក់​សរុបប្រមាណជាង ២ ៤៥៤លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ប្រមាណ​ ៥១៥លានដុល្លារ។​ ចំណែកការនាំចូលពីជប៉ុន មកកម្ពុជាវិញ មានទឹកប្រាក់​ប្រមាណជិត ២ ០០០លានដុល្លារ។

ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា​ និងពិព័រណ៍ពិភពលោក២០២៥ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីនៅថ្ងៃទី៣ ឧសភា ឆ្នាំ២០២៣នេះ បានរំពឹងទុកថា​ កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន ​នឹងកាន់តែមានវឌ្ឍភាពល្អឡើងថែមទៀត។

តាមឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកការចូលរួមពិព័រណ៍​កម្ពុជានៅពេលនេះ ជាការរួមចំណែកដ៏មានសារៈសំខាន់​បំផុត​ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម ​គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន ​និងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចូលរួម “ពិព័រណ៍ពិភពលោក ២០២៥” រយៈពេល ០៦ខែ នៅទីក្រុងអូសាកា ដែលតាមរយៈការចូលរួម​ពិព័រណ៍​ពិភពលោកនេះ ធ្វើឱ្យកម្ពុជាមានសិទ្ធិ ​ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ហើយ​ទំនាក់ទំនង​ការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះ ​ក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួម នឹងត្រូវ​បានពង្រឹង និងពង្រីកថែមទៀត។

លើសពីនេះទៀត ពិព័រណ៍ពិភពលោក ក៏នឹងផ្តល់ឱកាសឱ្យពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា បានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទៅវិញទៅមក ជាអន្តរជាតិផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ មានរៀបចំកម្មវិធីសម្តែង​សិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញ​ឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។

ក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕